Pages

ឯកសារផ្សេងៗ-DOCUMENTS

បច្ចេកទេសដាំក្រូចឆ្មារតាមវិធីបង្កាត់ពួជ ខ្មែរ-ជប៉ុន របស់លោក ចាវ ប៉េងណាំ

ប្រធានប្រតិបត្តិអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជាដែលចំការក្រូចឆ្មាររបស់លោកស្ថិតនៅក្នុងភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
ផ្លែក្រូចឆ្មារមានអត្ថប្រយោជន៍ច្រើនយ៉ាង មិនត្រឹមតែជាគ្រឿងផ្សំដែលតែងតែប្រើប្រាស់ជាញឹកញាប់នៅតាមផ្ទះនោះទេ គេក៏អាចយកវាជាវត្ថុធាតុ ដើម្បីសម្រាប់ថែររក្សាសម្រស់បានដែរ។ ដោយសារវាមានជាតិអាស៊ីដ ហើយផ្លែឈើដែលមានជាតិអាស៊ីតពីធម្មជាតិនេះមានអត្ថប្រយោជន៏ច្រើនណាស់សម្រាប់សម្រស់ និង សុខភាពរបស់យើងដូចជា ឪសថសម្រាប់ជម្រុះកោសិកាចាស់ៗ
ធ្វើអោយកែងដៃជង្គង់ និង ធ្មេញស ជួយពង្រឹងដល់សុខភាពក្រចក និង បំបាត់ស្នាមអាចម៍រុយជាដើម។ ដំណាំក្រូចឆ្មារក៏ជាដំណាំមួយប្រភេទ ដែលកំពុងមានតម្រូវការលើទីផ្សារដែលមានតម្លៃថ្លៃគួរសម។
១. ការរៀបចំដីសំរាប់ដាំក្រូចឆ្មារ
ប្រសិនបើយើងចង់ដាំក្រូចឆ្មារជាលក្ខណៈចំការ មុនដំបូងយើងត្រូវភ្ជួរដីអោយរាបស្មើរល្អ រួចកាប់រណ្តៅទំហំប្រហែលន្លះម៉ែត្របួនជ្រុង ដោយទុកគន្លាតពីគ្នាចន្លោះពីដើមមួយទៅដើមមួយប្រវែងពី ៥ - ៦ ម៉ែត្រ ទៅតាមស្ថានភាពដីល្អ និង មិនសូវល្អបន្ទាប់មកត្រូវដាក់ជីធម្មជាតិ គឺជីកំប៉ុស្តិ៍ ឫ ជីលាមកសត្វផ្សេងៗទៀត។
២. ការជ្រើសរើសពួជ
ពួជក្រូចឆ្មាររបស់លោកគឺពួជក្រូចឆ្មារក្នុងស្រុក ពីព្រោះពួជក្នុងស្រុកមានអតិថិជនទទួលស្គាល់ពីគុណភាពរបស់វារួចទៅហើយ ណាមួយមានវាលក្ខណៈធន់ទៅនឹងអាកាសធាតុក្នុងប្រទេសយើងផង។ វិធីជ្រើសរើសពួជក្នុងស្រុកគឺត្រូវយកក្រូចឆ្មារណាដែលមានផ្លែធំ សំបកស្តើង គ្រាប់តិច ទឹកច្រើន ធន់នឹងជម្ងឺ លក្ខណៈពិសេសរបស់លោកនោះគឺ លោកបាននាំយកពួជក្រូចឆ្មារពីប្រទេសជប៉ុន
មកធ្វើជាជើងទំរពួជក្នុងស្រុក ដោយសារពួជក្រូចឆ្មារដែលនាំមកពីប្រទេសជប៉ុនមានការលួតលាស់ឆាប់រហ័ស និង ធន់ទៅនឹងអាកាសធាតុ ប៉ុន្តែផ្លែរបស់វាមានរសជាតិមិនសូវឆ្ងាញ់ដូចក្រូចឆ្មារពួជក្នុងស្រុកយើងទេទើបលោកជ្រើសរើសវិធីបែបនេះដើម្បីបង្កាត់ពួជដើម្បីអោយទទួលបានទិន្នផលខ្ពស់។
៣. ការថែរទាំ
បន្ទាប់ពីការកាត់ដើមក្រូចឆ្មារក្នុងស្រុកមកបង្កាត់ជាមួយពួជក្រូចឆ្មារដែលនាំមកពីប្រទេសជប៉ុនបានរយះពេលពី ៦ ទៅ ៧ ខែ ទើបយើងអាចយកវាមកដាក់ដាំក្នុងរណ្តៅដែលយើងបានត្រៀមរួចជាស្រេចសម្រាប់ដាំ ពេលដែលដាំយើងត្រូវ
កប់គល់របស់វាត្រឹមមួយតឹករួចលុបដីវិញ ហើយស្រោចទឹកជាប្រចាំ។ ក្នុងការដាំពេលដំបូងដូចនេះយើងត្រូវស្រោចទឹកវាជាប្រចាំក្នុងមួយថ្ងៃស្រោចទឹកវាពីរដងគឺព្រឹក និង ល្ងាចស្របពេលនោះក៏ត្រូវដាក់ជីសរីរាង្គដើម្បីអោយដើម និង ស្លឹករបស់វាលូតលាស់បានល្អ បន្ទាប់ពីថែរក្សាររយះពេលពីរឆ្នាំ ទើបយើងអាចទទួលផលពីវាបាន។
ការដាំក្រូចឆ្មារតាមវិធីបង្កាត់បែបនេះចេញផ្កាផ្លែមិនប្រកាន់រដូវនោះទេ គឺបន្ទាប់ពីប្រមូលផលរួចវានឹងចេញផ្កាបន្តបន្ទាប់រៀងរាល់ពេល។ បន្ទាប់ពីប្រមូលផលរួចយើងត្រូវដើរមើលតាមដើម រកមែកដែលងាប់ ឫ មែកដែលធ្វើអោយចង្អៀតដើមយើងត្រូវកាត់វាចោល និង មែកផ្សេងៗទៀតដែលយើងគិតថាគ្មានប្រយោជន៍ក៏ត្រូវកាត់ចោលដែរ។ ទន្ទឹមនឹងនោះក៏ត្រូវមានវិធានការ
ការពារជំងឺ និង សត្វល្អិតដែលមកយាយីដែលអាចបណ្តាលអោយដើមក្រូចឆ្មារងាយឆ្លងជម្ងឺ។
ការងារប្រចាំថ្ងៃនោះគឺត្រូវសម្អាតស្មៅ ជីករណ្តៅក្បែគល់វាសម្រាប់អោយវាដក់ទឹក និង ដាក់ជីផ្សេងៗផងដែរ។ បន្ទាប់ពីប្រមួលលើកទីមួយរួចយើងត្រូវដាក់ជីសរីរាង្គដែលមានសមាសធាតុប៉ូតាស្យូមខ្ពស់ដើម្បីអោយវាចេញផ្កាបានល្អ និង ទឹកវាមានរសជាតិឆ្ងាញ់។
៤. ទីផ្សារ

ចំពោះទីផ្សារវិញលោកថាមិនពិបាកទេដោយសារក្រូចឆ្មារលោកមានតម្រូវការពីអតិថិជនច្រើនដូចនេះមានឈ្មួញមកប្រមូលផលដល់ចម្ការក្រូចឆ្មាររបស់តែម្តង ដោយអោយតម្លៃក្នុងមួយគីឡូក្រាមពី ៥០០០ ទៅ ៦០០០ រៀល ជូនកាលថោកជាងនេះបន្តិចនៅពេលដែលឈ្មួញនាំចូលក្រូចឆ្មារពីប្រទេសជិតខាងយើងច្រើនពេក។បច្ចុប្បន្នលោកមានផ្ទៃដីដាំដំណាំក្រូចឆ្មារទំហំជាង ១០ហិកតាដោយក្នុងមួយហិកតាអាចដាំក្រូចឆ្មារបានចំនួនពី ៤០០ ទៅ ៦០០ដើម៕
(ដកស្រងចេញពីអត្ថបទលោក សារ៉ន មិនចាំគេហទំព័រ)

No comments:

Post a Comment