បច្ចេកទេសដាំផ្កាកុលាបក្នុងជាលឫស្សី

កុលាប គឺ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ប្រជាជន​ទូទៅ​ទទួល​ស្គាល់​ថា មាន​ប្រយោជន៍​ច្រើន​សម្រាប់​បំពេញ​សេចក្តី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ គេ​សង្កេត​ឃើញ​ថា ប្រជាជន​ទូទៅ ច្រើន​និយម​យក​ផ្កា​កុលាប​ដើម្បី​តាំង​លំអ​ក្នុង​គេហដ្ឋាន ទីកន្លែង​សំខាន់ៗ ពិសេស​ក្នុង​កម្មវិធី​ធំៗ ដើម្បី​ជួយ​បង្កើន​សម្រស់​សោភ័ណភាព​គួរ​ជា​ទី​គយគន់ និង​ទាក់ទាញ​អារម្មណ៍។
តើ​វិធី​ដាំ​ផ្កា​កុលាប​ក្នុង​ជាល​ឫស្សី លំបាក ឬ​ងាយ​ស្រួល​យ៉ាង​ណា​ខ្លះ?
អ្នក​បច្ចេកទេស​ខាង​ថែ​ទាំ​ផ្កា​កុលាប​ម្នាក់​លើក​ឡើង​ថា ផ្កា​កុលាប គឺ​ជា​រុក្ខជាតិ​ដ៏​សំខាន់​មួយ​ប្រភេទ មិន​ត្រឹម​តែ​ប្រើ​ដើម្បី​តាំង​លំអ​បន្ថែម​សម្រស់ បង្កើន​សោភណភាព​ប៉ុណ្ណោះ​ទេ។ ទន្ទឹម​គ្នា​នេះ អ្នក​ដាំ​ផ្កា​កុលាប ក៏​ទទួល​ស្គាល់​ថា ផ្កា​កុលាប​មាន​គុណ​តម្លៃ​ច្រើន ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ។
ដោយ​សម្លឹង​ឃើញ​ពី​អត្ថប្រយោជន៍ និង​នៅ​ប្រទេស​កម្ពុជា មាន​តម្រូវ​ការ​ផ្កា​កុលាប​ច្រើន តែ​មិន​សូវ​មាន​អ្នក​ដាំ​នោះ ទើប​ជំរុញ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ងាក​មក​ចាប់​អាជីព​ជា​អ្នក​ដាំ​ផ្កា​កុលាប។ តួយ៉ាង​កសិដ្ឋាន​ដាំ​ផ្កា​កុលាប​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​បង្កើន​ការ​ដាំ​ផ្កា​កុលាប​ចម្រុះ​ពណ៌​រាប់​ម៉ឺន​ជាល ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ​បច្ចុប្បន្ន។
ទាក់ទិន​នឹង​បច្ចេកទេស​ដាំ​ដុះ​ដើម​ផ្កា​កុលាប​ក្នុង​ជាល​ឫស្សី​នេះ​ដែរ អ្នក​ដាំ​ដែល​ពិសោធ​បាន​ជោគជ័យ​ក្នុង​ការ​ដាំ​ផ្កា​កុលាប​ក្នុង​កសិដ្ឋាន​ផ្កា​ចម្រុះ​ឈ្មោះ តួរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បឹង​បាយ៉ាប សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ លោក ឡុង ទីន។ លោក​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា មាន​វិធី​ច្រើន​យ៉ាង​ដែល​គេ​អាច​ដាំ​ដើម​ផ្កា​កុលាប​នេះ​បាន ដូចជា ដាំ​លើ​ដី​ផ្ទាល់ ដាំ​ក្នុង​កេស​ស្នោ ដាំ​ក្នុង​ឧបករណ៍​ជ័រ ពិសេស​ដាំ​ក្នុង​ផើង។
អ្នក​ថែ​ទាំ​ផ្កា​កុលាប​ដែល​មាន​មាឌ​តូច​ល្អិត​សម្បុរ​ខ្មៅ​ម្នាក់​នេះ ឲ្យ​ដឹង​ថា មូលហេតុ​ដែល​កសិដ្ឋាន​នេះ​ដាំ​ផ្កា​កុលាប​ដាក់​ក្នុង​ផើង ដោយសារ​ការ​ដាំ​ក្នុង​ផើង​អាច​ទទួល​បាន​ផល​ល្អ​ជាង​ដាំ​លើ​ដី ឬ​វិធី​ផ្សេង​ទៀត បើ​ទោះ​ជា​អាកាសធាតុ​ក្តៅ​ខ្លាំង ឬ​ត្រជាក់​ខ្លាំង​ក៏ដោយ។ លើស​ពី​នេះ ដើម្បី​ងាយ​ស្រួល​លក់​ដុំ ឬ​លក់​រាយ​ទៅ​ឲ្យ​អតិថិជន​ដែល​មាន​តម្រូវ​ការ។ លោក​បន្ត​ទៀត​ថា ដើម្បី​ដាំ​ផ្កា​កុលាប​ក្នុង​ជាល​ឫស្សី​បាន ចាំបាច់​ត្រូវ​មាន​ជាល​ឫស្សី​តូច​ល្មម និង​ស្បោង​ប្លាស្ទិក។ លោក​ថា ដោយសារ​ជាល​ឫស្សី​ប្រហោង ទើប​ត្រូវ​ដាក់​ស្បោង​ប្លាស្ទិក​ដើម្បី​ទ្រាប់​កុំ​ឲ្យ​ជ្រុះ​ដី​នៅ​ពេល​ស្រោច​ទឹក​ផ្កា។
នៅ​ពេល​មាន​ឧបករណ៍​ទាំង​ពីរ​នេះ​រួច​ហើយ លោក​ថា មុន​ដាំ​ត្រូវ​លាយ​ដី​ជាមួយ​ជីកំប៉ុស​ដែល​មាន​វត្ថុ​ធាតុ​ដើម​ផ្សំ​ចេញ​ពី​ជី​អង្កាម ស្លឹក​ឈើ និង​ស្មៅ​ដែល​ងាយ​រលួយ។ លោក​បន្ត​ថា បន្ទាប់​មក​យក​ដើម​ផ្កា​កុលាប​ដែល​បាន​ផ្សាំ​អាយុ ១​ខែ យក​ទៅ​ដាំ​ក្នុង​ជាល​ឫស្សី​ដែល​បាន​រៀបចំ​ដី​រួច​នោះ៖ «ដាំ​ចូល​ជាល​ចឹង​ទៅ ដាំ​បាន​រយៈពេល​មួយ​អាទិត្យ យើង​ចាប់​ផ្ដើម​ស្រោច​ទឹក ស្រោច​ជី បាញ់​ថ្នាំ​អី ដើម្បី​ឲ្យ​ចេញ​ត្រួយ​ល្អ»
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​ដាក់​ដាំ​ក្នុង​ជាល​ឫស្សី ត្រូវ​ជីក​រណ្តៅ​ជម្រៅ ៥​សង់ទីម៉ែត្រ ហើយ​គម្លាត​រវាង​រណ្ដៅ​មួយ​ទៅ​រណ្ដៅ​មួយ​ប្រវែង​កន្លះ​ម៉ែត្រ។ ជាង​នេះ​ទៀត លោក​ថា ក្នុង​មួយ​ជាល​ឫស្សី ដាំ​បាន​តែ​មែក​ផ្កា​កុលាប​ដែល​បាន​ផ្សាំ​មួយ​ដើម​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ដើម​ផ្កា​កុលាប​ងាយ​ស្រួល​លូតលាស់​បាន​ល្អ និង​ងាយ​ស្រួល៖ «យើង​ដាំ​វា​តែ​មួយ​មែក ដល់​ពេល​យើង​កាត់​ចឹង វា​បែក​មែក​រហូត​ដល់​ពេញ​ថង់ ដើម​វា​ចាប់​ផ្តើម​ថ្លោស​វា»
ក្រោយ​ពី​រៀបចំ​ដី​រួច លោក​ថា ចាំបាច់​ជ្រើសរើស​មែក ឬ​ដើម​ផ្កា​កុលាប​ណា​ដែល​ថ្លោស​ល្អ មិន​យក​មែក​ដែល​ខ្ចី​ពេក ឬ​ចាស់​ពេក មក​ដាំ​លើ​ដី​ដែល​បាន​រៀបចំ​នោះ។ ប៉ុន្តែ​មក​ដល់​ត្រង់​ចំណុច​នេះ លោក ឡុង ទីន បញ្ជាក់​ឲ្យ​ដឹង​ពី​របៀប​ផ្សាំ​មែក​ផ្កា​កុលាប ដើម្បី​យក​ទៅ​ដាំ​ដែរ​ថា៖ «យើង​មាន​ថង់​ប៊ីចេង រួច​ហើយ​យើង​ឫស​កំប្លោក​យើង​បក រួច​ហើយ​យើង​បក​សម្បក​វា​ចេញ ហើយ​យើង​កោស​វា​យក​ឫស​កំប្លោក​មក​រុំ​គ្នា បន្ទាប់​ហើយ​ត្រាំ​ថង់​ពី​លើ​ជាមួយ​មែក​ផ្កា​កុលាប ហើយ​យើង​ឧស្សាហ៍​បាញ់​ទឹក​វា វា​ដុះ​ឫស​ហើយ»
ការ​ថែទាំ​ក្រោយ​ដាំ​ផ្កា​កុលាប
ដោយឡែក​ការ​ថែទាំ​វិញ ម្ចាស់​កសិដ្ឋាន​រូប​នេះ​អះអាង​ថា ផ្កា​កុលាប​ទោះ​ជា​ដាំ​ក្នុង​ជាល​ក្តី ឬ​លើ​ដី​ក្តី គឺ​ត្រូវ​ទាមទារ​ស្រោច​ទឹក​វា​មួយ​ថ្ងៃ​ពីរ​ដង គឺ​ព្រឹក​ល្ងាច បោច​ស្មៅ ដាក់​ជី ជ្រួយ​ដី​ឲ្យ​ធូរ ដើម្បី​ឲ្យ​ទឹក​ងាយ​ជ្រាប​ចូល​ក្នុង​ដី រក្សា​សំណើម​បាន​យូរ ធ្វើ​ឲ្យ​ឫស​ផ្កា​កុលាប​អាច​ស្រូប​យក​ជីជាតិ​ស្រួល ទាំង​ដើម និង​ស្លឹក ឲ្យ​ឆាប់​ចេញ​ផ្កា៖ «ថែទាំ​វា​មាន​តែ​បាញ់​ថ្នាំ​ដាក់​ជី ស្រោច​ទឹក​មួយ​ថ្ងៃ​ពីរ​ដង យើង​កំណត់​ថ្ងៃ​វា​មួយ​អាទិត្យ យើង​បាញ់​ជី​ម្តង យើង​បាញ់​ថ្នាំ​ម្តង ហើយ​បើ​ស្លឹក​ផ្កា​វា​អត់​ល្អ យើង​បេះ​វា​ចេញ»
ចំណែក​ការ​ប្រមូល​ផល​វិញ លោក ឡុង ទីន ឲ្យ​ដឹង​ដែរ​ថា ផ្កា​កុលាប​មាន​អាយុ​បាន ៣​ខែ ចាប់​ផ្ដើម​ចេញ​ផ្កា និង​អាច​លក់​បាន​បណ្ដើរៗ​ហើយ៖«យើង​ថែ​វា​ដល់​អាយុ​បាន​បី​ខែ ផ្កា​វា​ចេញ​មក​យើង​អាច​លក់​បាន»
បច្ចុប្បន្ន ដើម​ផ្កា​កុលាប​កំពុង​ពេញ​និយម​ក្នុង​ការ​ជួញដូរ​ដ៏​សកម្ម​ក្នុង​ទីផ្សារ​នៅ​កម្ពុជា ព្រោះ​ផ្កា​កុលាប​ជា​រុក្ខជាតិ​សម្រាប់​ផលិត​ជា​គ្រឿង​សំអាង ព្យាបាល​ជំងឺ​ផ្សេងៗ​ផង និង​ជា​រុក្ខជាតិ​តាំង​លំអ​ដ៏​មាន​ភាព​ទាក់ទាញ​ផង។
អ្នក​បច្ចេកទេស​ថែ​ទាំ​ផ្កា​កុលាប លោក ឡុង ទីន អះអាង​ដែរ​ថា សម្រាប់​កសិដ្ឋាន​លោក​ដែល​មាន​ដើម​ផ្កា​កុលាប​ជាង ១​ម៉ឺន​ជាល សព្វថ្ងៃ​បាន​ផ្គត់ផ្គង់​ទៅ​ឲ្យ​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ ទាំង​លក់​ដុំ និង​លក់​រាយ​មាន​តម្លៃ​ក្នុង​មួយ​ជាល​ឫស្សី ចាប់​ពី​ជាង ៣​ពាន់​រៀល​ទៅ​ជាង ១​ម៉ឺន​រៀល អាស្រ័យ​លើ​ដើម​ផ្កា​ដើម​តូច ឬ​ផ្កា​ដើម​ធំ៖ «នៅ​កសិដ្ឋាន​មាន​កុលាប​ច្រើន​ណាស់ មាន​ពណ៌​លឿង ផ្កាឈូក ក្រហម ផ្កា​កុលាប​នាំ​សំណាង ពណ៌​ចម្រុះ លក់​បាន​ចាប់​បី ៣.៥០០​រៀល​ក្នុង​១​ជាល ទៅ ១៥.០០០​រៀល។ គេ​និយម​ច្រើន»
ឯកសារ​កសិកម្ម​របស់​អង្គការ​អភិវឌ្ឍន៍​កសិកម្ម​ធម្មជាតិ​កម្ពុជា ស្ដីពី​សារប្រយោជន៍​របស់​ផ្កា​កុលាប បង្ហាញ​ថា ផ្កា​កុលាប​មាន​គុណ​ប្រយោជន៍​ទាំង​ក្នុង​ជីវភាព​រស់នៅ ដើម្បី​បង្កើន​សោភណភាព ពិសេស​ប្រើប្រាស់​ជា​វត្ថុ​អនុស្សាវរីយ៍​ក្នុង​កម្មវិធី​សំខាន់ៗ និង​ដើម្បី​បញ្ជាក់​ក្តី​ស្រឡាញ់​ឲ្យ​គ្នា​ទៅ​វិញ​មក។ លើស​ពី​នេះ​ទៅ​ទៀត ថ្មីៗ​នេះ ផ្កា​កុលាប​ត្រូវ​បាន​គេ​យក​ទៅ​កែច្នៃ​ឲ្យ​ទៅ​ជា​គ្រឿង​សំអាង ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​រាប់​រយ​ដុល្លារ។ ក្រៅ​ពី​នេះ ផ្កា​កុលាប ដើម និង​ស្លឹក​របស់​វា គេ​ក៏​អាច​កែច្នៃ​ទៅ​ជា តែ និង​ឱសថ ដើម្បី​ជួយ​សម្រួល​ដល់​សុខភាព ជាដើម។
មក​ដល់​ត្រង់​ចំណុច​នេះ កសិករ​ដែល​មាន​មាឌ​ស្គម សម្បុរ​ខ្មៅ​រូប​នេះ បែរ​ជា​និយាយ​ទាំង​ប្រែ​ទឹក​មុខ​ក្រៀមក្រំ​វិញ​ថា ទោះ​បី​ផ្កា​កុលាប​ងាយ​ស្រួល​ដាំ និង​មាន​តម្លៃ​ខ្ពស់ មិន​ប្រកួត​ប្រជែង ប៉ុន្តែ​ផ្កា​កុលាប​សម្បូរ​សត្វ​ចង្រៃ​បំផ្លាញ​ផង​ដែរ។ លោក​ថា ហេតុ​នេះ​លោក​ត្រូវ​បង្ខំ​ចិត្ត​ប្រើ​ជី និង​ថ្នាំ​គីមី ដើម្បី​កម្ចាត់​បញ្ហា​សត្វ​ចង្រៃ​លើ​ផ្កា​កុលាប​ដែល​លោក​ដាំ។
កសិករ​រូប​នេះ​អះអាង​ថា ផ្កា​កុលាប​ដែល​ដាំ​បច្ចុប្បន្ន​នេះ ប្រើប្រាស់​ជី និង​ថ្នាំ​គីមី​ខ្លាំង ហើយ​ជី និង​ថ្នាំ​គីមី​ទាំង​នោះ គឺ​នាំ​ចូល​ទាំង​ស្រុង​ពី​ប្រទេស​វៀតណាម។ លោក​ថា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​អ្នក​បច្ចេកទេស​ណា​រក​ឃើញ​វិធី​ធម្មជាតិ ដើម្បី​ដាំ​ផ្កា​កុលាប​នៅ​កម្ពុជា នៅ​ឡើយ​នោះ​ទេ៖«ជី​ហ្នឹង​គ្រាប់​វា​ពណ៌​ខៀវ វា​មាន​ថ្នាំ​សម្លាប់​ដង្កូវ ជំនួយ​ស្លឹក​ជាដើម បើ​អត់​ប្រើ​វា វា​អត់​ល្អ»
មូលហេតុ​ទាំង​នេះ​ហើយ លោក ឡុង ទីន ចង់​ឃើញ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ លើក​ទឹក​ចិត្ត​កសិករ​ដែល​ប្រកប​របរ​ដាំ​ផ្កា​កុលាប ធ្វើ​យ៉ាង​ណា​រិះរក​វិធីសាស្ត្រ និង​ផ្តល់​បច្ចេកទេស​ថ្មីៗ ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេងៗ​ក្នុង​អាជីព​ដាំ​ផ្កា​ឲ្យ​បាន​ជោគជ័យ។ លោក​ថា បើ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ​បាន អ្នក​ដាំ​ផ្កា​កុលាប​នៅ​កម្ពុជា នឹង​បង្កើន​ការ​ដាំដុះ​កាន់​តែ​ច្រើន ពិសេស​ផ្កា​កុលាប​នៅ​កម្ពុជា មិន​ត្រឹម​តែ​ជួយ​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ផ្កា​កុលាប ក៏​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ៕
ប្រភពៈ វិទ្យុអាស៊ីសេរី

No comments:

Post a Comment