របៀបបណ្តុះផ្សិតចំបើង

#របៀបបណ្តុះផ្សិតចំបើង
* គ្រឿងវត្ថុធាតុដើម៖
- ជីរអាចម៍គោ ឬ ជីរពោះត្រី
- ចំបើងចិញ្ច្រាំ ទឹក ម្សៅពោត
- ដីខ្មៅ (ដីខ្មៅនៅកន្លែងចងគោ ដីគុម្ពចេក ដីល្បប់ភក់បាតបឹង ជាដើម)
* របៀបដាំ៖
១- យកពោះត្រីឬ អាចម៍គោ ទៅបុកលាយដីខ្មៅ ហើយហាលអោយស្ងួត រួចបុកអោយរសោះៗ ទុកចោលប្រហែល ១០ថ្ងៃ។
២- យកចំបើងចាស់ៗ ចិញ្ច្រាំខ្លីៗ ហើយ ជ្រលក់ទឹកក្តៅឧណ្ហៗ អោយសើមជោគ រួចយកទៅ គរធ្វើជារងដំណាំ។ ក្រាលប្រហែលកម្រាស់ប្រហែលពីរតឹក។
៣- យកដីជីរពោះត្រី ឬ ដីជីរអាចម៍គោ ទៅរោយបន្ថើរៗ ពីលើ។
៤- យកម្សៅពោត corn flour ទៅរោយពីលើ ស្តើងៗ មួយជាន់ទៀត។
៥- យកចំបើងចិញ្ច្រាំខ្លីៗ ជ្រលក់ទឹកក្តៅឧណ្ហៗ អោយសើម រួចយកទៅក្រាលពីលើ កម្រាស់ប្រហែល១តឹក។
៦- យកដីជីរពោះត្រី ឬ ដីជីរអាចម៍គោ ទៅរោយបន្ថើរៗ ពីលើ។
៧- យកម្សៅពោត corn flour ទៅរោយពីលើ ស្តើងៗ មួយជាន់ទៀត។
៨- យកចំបើងចិញ្ច្រាំខ្លីៗ ជ្រលក់ទឹកក្តៅឧណ្ហៗ អោយសើម រួចយកទៅក្រាលពីលើ កម្រាស់ប្រហែល២តឹក។
៩- យកផ្ទាំងសំពត់ប្លាស្ទិក គ្របពីលើ ហើយសង្កត់អោយហប់ កុំអោយរបើកតាមខ្យល់។
១០- មួយអាទិត្យម្តង បើកផ្ទាំងសំពត់ចេញ ប្រស់ទឹកអោយសើមចំបើងផ្អួរៗតិចៗ ហើយគ្របទុកវិញ តែកុំប្រស់ទឹកច្រើនហួសប្រមាណ នឹងនាំអោយផ្សិតរលួយកូន ខានដុះចេញមក។
១១- ក្នុងរយៈពេលពីរអាទិត្យ ផ្សិតនឹងចាប់ផ្តើមដុះចេញកូនតម្រៀបគ្នា។ បើសិនជាមានផ្សិតធំល្មម អាចបេះបាន សូមបេះចេញ ដើម្បីទុកកន្លែង អោយផ្សិតដុះថែមទៀត នៅថ្ងៃបន្តបន្ទាប់មក។
១២- ចំពោះអ្នកសំបូរដើមទុន គេអាចធ្វើបន្ទប់ ប្រក់ប្លាស្ទិក ហើយមានរានឬស្សី ដាក់ចំបើង ដើម្បីបណ្តុះកូនផ្សិត។ ធ្វើបែបនេះ នឹងធ្វើអោយងាយស្រួល ពេលបេះផល។ នៅពេលដើរចេញចូល ប្រស់ចំបើង សូមបើកជញ្ជាំងនិងទ្វារ អោយធំ ដើម្បីទាញយក អុកស៊ីសែន។ បើមិនដូច្នេះទេ គេអាចពុលខ្យល់ហប់ សន្លប់បាត់ស្មារតីបាន នៅពេលគេចូលប្រស់ទឹក ឬ ចូលបេះផ្សិត។
១៣- រយៈកាលបេះផល គឺរវាងចុងអាទិត្យទីពីរ រហូតដល់ពេញអាទិត្យទី៤។
១៤- ចូលអាទិត្យទី៥ ឬ ទី៦ ផ្សិតនឹងថមថយកំសួល លែងដុះ។ ដូច្នេះ គេអាចរើរង យកចំបើងជ្រលក់ទឹក ប្រស់ជីរនិងម្សៅពោត សាជាថ្មី។
១៥- ផ្សិតចំបើងអោយផលល្អ នៅពេលអាកាសធាតុក្តៅហើយហប់។
១៦- បើមិនចង់ប្រើអាចម៍គោ ឬ ពោះត្រី អាចប្រើមេដំបែស្រា ក៏បាន គ្រាន់តែលទ្ធផល ស្ទើរចំនួនជាង។
១៧- ផ្សិតចំបើង ផ្តល់វិតាមីន B ធ្វើអោយដុះឈាមក្រហម មានកម្លាំង, វីតាមីន D សម្រាប់ជួយបណ្តុះឆ្អឹង ព្រមទាំង ជីវជាតិសំខាន់ៗផ្សេងៗទៀត សម្រាប់ជួយអោយរាងកាយ មនុស្ស ទទួលនូវ សុខភាពរឹងប៉ឺង។
ប្រភពអត្ថបទ៖ កែវ ច័ន្ទបូរណ៍


No comments:

Post a Comment