Pages

ឯកសារផ្សេងៗ-DOCUMENTS

វិធីសាស្រ្តក្នុងការដាំដំណាំត្រសក់ផ្អែម ឲ្យបានល្អ និងផ្អែមឆ្ងាញ់

» វិធីសាស្រ្តក្នុងការដាំដំណាំត្រសក់ផ្អែម ឲ្យបានល្អ និងផ្អែមឆ្ងាញ់
ត្រសក់ផ្អែម ឬ មេឡុន ជាដំណាំដែលមិនសូវមានការដាំដុះនៅក្នុងប្រទេសកម្ពុជាទេ។ ប៉ុន្តែ កសិករនៅតំបន់មួយចំនួននិយមដាំ ព្រោះមានការនិយមចូលចិត្តបរិភោគ និងមានតំលៃថ្លៃនៅលើទីផ្សារ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការដាំដំណាំត្រសក់ផ្អែម៖
១-ការជ្រើសរើសដីដាំ និងការរៀបចំដី
ដីដែលត្រូវដាំត្រសក់ផ្អែម គាត់បានជ្រើសរើសដីខ្ពស់មិនលិចទឹកនៅរដូវវស្សាតែចំពោះរដូវប្រាំងអាចដាំនៅលើដីស្រែ ប៉ុន្តែត្រូវនៅជិតប្រភពទឹកដើម្បីងាយស្រួលក្នុងការស្រោចស្រព។ មុនដាំត្រូវភ្ជួរដីហាលចោល ១សប្តាហ៍។ បន្ទាប់មក បាចជីលាមកសត្វពុកផុយ ឬជីកំប៉ុស្ត រួចភ្ជួរបង្កប់ជីទៅក្នុងដី ទុកចោលរយៈពេល ២ថ្ងៃ ទើបរាស់ឲ្យស្មើរូចកាប់ជារណ្តៅដាំដោយទុកចន្លោះ ពីរណ្តៅមួយ ទៅរណ្តៅមួយ ៣តឹក ។
២-ការជ្រើសរើសពូជ៖
ពូជត្រសក់ដែលត្រូវជ្រើសរើសដាំមាន ៣ ប្រភេទ :
១-ពូជសាច់ពណ៌លឿង(សូវ៉ិត) នាំមកពីប្រទេសថៃ
២-ពូជសំបកលឿង សាច់ពណ៌ខៀវ(ពូជស៊ីថង) នាំមកពីប្រទេសថៃ
៣-ពូជសំបកខៀវ សាច់ខៀវ(ពូជតាខាយ) នាំមកពីប្រទេសចិន ការដាំត្រសក់ទាំង ៣ពូជនេះ គឺតម្រូវទៅតាមទីផ្សារ ។
៣-ការបណ្តុះកូន៖
មុនដាំ ត្រូវយក គ្រាប់ទៅបណ្តុះដាក់ក្នុងថង់ប្លាស្ទិក។ លាយដីជាមួយជីកំប៉ុស្តច្របល់ឲ្យសព្វ ដាក់ចូលក្នុងថង់រួចយកគ្រាប់ទៅបណ្តុះដោយដាក់ ១ គ្រាប់ក្នុងមួយថង់។ បណ្តុះកូនរួច ត្រួវគ្របវារយៈពេល ៣ថ្ងៃ ៣យប់ និងស្រោចទឹកថែទាំរហូតដល់រយៈពេល ១០ថ្ងៃ ទើបអាចយកកូនទៅដាំក្នុងរណ្តៅ ។
៤-ការដាំ៖
មុនដាំ ត្រូវរៀបចំរណ្តៅដោយដាក់ជីកំប៉ុស្ត ឬជីលាមកគោ ទា ឬមាន់ (ទ្រាប់បាត) ក្នុងមួយរណ្តៅ ១ បង្គី ដោយដាំចន្លោះពីគុម្ពមួយ ទៅមួយ ៣តឹក ។ ពេលដាំរួច ត្រូវស្រោចទឹកបន្ទាប់មកយកកៅស៊ូប្លាស្ទិកមកគ្របពីលើរង(កៅស៊ូនោះចោះរន្ធតូចៗដើម្បីឲ្យមានខ្យល់ចេញចូល) ។ ការគ្របកៅស៊ូនេះ គឺដើម្បីការពារដីមានសំណើមនិងមិនមានសត្វល្អិតបំផ្លាញ ព្រមទាំងមិនឲ្យស្មៅដុះផង ។

៥-ការថែទាំ៖
ក្នុងមួយថ្ងៃត្រូវស្រោចទឹក ១ ដង ។ នៅពេលត្រសក់ដុះបានអាយុពី ២០-៣០ថ្ងៃ ត្រូវដាក់ជីបំប៉នបន្ថែមដោយប្រើជីលាមកមាន់ និងជីកំប៉ុស្ត (ដាក់ជីបំប៉ននៅចន្លោះរង)។ ត្រសក់ដុះបាន ៧សន្លឹក ត្រូវធ្វើការចងទ្រើងឲ្យត្រសក់វារឡើង។ នៅពេលកូនត្រសក់មានស្លឹក ១៤ គាត់បេះខ្នែង ដែលមានក្រោមស្លឹកទី៤ នោះចោល។ នៅលើសន្លឹកទី១៤ នោះត្រូវទុក ខ្នែង ៣ វិញសំរាប់ទុកយកផ្លែ។ ហើយនៅពីលើខ្នែងទាំង ៣ ដែលទុកនោះ បើមានខ្នែងផ្សេងទៀតដុះមកត្រូវបេះវាចោល។ ចំពោះ ត្រសក់ផ្លែល្អ គឺនៅចន្លោះខ្នែងទី១៤ នេះទៅដល់ខ្នែង ១៦។ លើខ្នែងទាំងបីនេះមានផ្លែ ៣ តែយើងត្រូវទុកតែមួយផ្លែទេ ដោយជ្រើសរើសផ្លែណាដែលល្អជាងគេ។ ត្រសក់ច្រើនជួបប្រទះបញ្ហា ដង្កូវចោះស្លឹក និងជំងឺស្លឹកក្រហម ។ ក្នុងការទប់ទល់ជាមួយសត្វល្អិតបំផ្លាញ យើងត្រូវ ប្រើថ្នាំផ្សំពីរុក្ខជាតិដូចខាងក្រោម:
+
ធាតុផ្សំមាន :
-
គ្រាប់ប៉ិកួៈ ៥គីឡូក្រាម គ្រាប់ស្លាក់ ៥ គីឡូក្រាម គ្រាប់ស្លែង ៥ គីឡូក្រាម បណ្តូលពេជ្រ ១០គីឡូក្រាម ។
+
វិធីធ្វើ :
-
យកធាតុផ្សំខាងលើនេះមកចិញ្ច្រាំឲ្យម៉ដ្ឋ រួចដាក់ក្នុងពាង បន្ទាប់មកចាក់ទឹកដាក់ត្រាំ ចំនួន ២៤០ លីត្រ ទុករយៈពេល ១៥ថ្ងៃ ទើបអាចយកទៅប្រើប្រាស់បាន។ ក្នុងរយៈពេលរក្សាទុក លោកអ្នកបើកគម្របពាងកូរ ១ថ្ងៃម្តង ដើម្បីឲ្យថ្នាំឆាប់កាច់ ។
+
វិធីប្រើប្រាស
-
នៅពេលប្រើ ត្រូវយកទឹកថ្នាំ ៣លីត្រ លាយជាមួយទឹកធម្មតាចំនួន ២០ លីត្រស្រោចទៅលើត្រសក់ (ស្រោចនៅពេលល្ងាច) ។ ថ្នាំនេះ អាចបណ្តេញសត្វបានគ្រប់ប្រភេទនៅលើដំណាំត្រសក់ផ្អែម៕
ប្រភពពី៖ khmeronlinenews.com

No comments:

Post a Comment