វិធី​ដាំ​ជី​វ៉ាន់ស៊ុយ

#វិធី​ដាំ​ជី​វ៉ាន់ស៊ុយ
អ្នក​ដាំ​ជីរ​វ៉ាន់ស៊ុយ យល់​ថា ដាំ​ជី​វ៉ាន់ស៊ុយ ចំណាយ​ដើមទុន​តិច ប្រើ​ទឹក​តិច និង​អាច​ដាំ​បាន​គ្រប់​រដូវ។ លើស​ពី​នេះ ប្រភេទ​ជីរ​នេះ អាច​ប្រមូល​ផល​បាន​លឿន​ជាង​បន្លែ​ដទៃ ហើយ​លក់​បាន​ថ្លៃ ព្រោះ​ជីរ​វ៉ាន់ស៊ុយ ឡើង​ថ្លៃ ១​គីឡូ ជាង ៣​ម៉ឺន​រៀល។
ជីរ​វ៉ាន់ស៊ុយ​មាន ២​ប្រភេទ គឺ​ពូជ​ស្លឹក​ឆែកៗ ធំៗ និង​ពូជ​ស្លឹក​ឆែក​តូចៗ​ល្មម ហើយ​ប្រភេទ​ពូជ​ជីរ​វ៉ាន់ស៊ុយ​ស្លឹក​ឆែកៗ​ធំ  គឺជាពូជដែលពេញ​និយម​លើ​ទីផ្សារ​ប្រចាំ​ថ្ងៃ។
* ការរៀបចំដីដាំ៖
ការ​លើក​រង​ដាំ​ជីរ គឺ​ភ្ជួរ ហើយ​ដំ​បំបែក​ដី​ឲ្យ​ម៉ដ្ឋ លើក​ជា​រង​កម្ពស់ ១​តឹក យក​ក្បាល​រង ៨​តឹក បណ្ដោយ​តាម​ដី​ដែល​មាន។ នៅ​ផ្នែក​ខាងៗ​នៃ​រង​ត្រូវ​ទប់​ដី​ឲ្យ​ខ្ពស់​ជាង​ដី​កណ្ដាល​រង។ ដី​កណ្ដាល​រង ត្រូវ​ពង្រាប​វា​ឲ្យ​ស្មើ​ដើម្បី​ឲ្យ​ទឹក​ស្រោច​ទៅ​វា​ដក់​ក្នុង​ដី​បាន​ច្រើន​ម៉ោង។
* វិធីដាំ៖
នៅ​ពេល​លើក​រង​រួច​ត្រូវ​រើស​ពូជ​ជីរ​វ៉ាន់ស៊ុយ​មក​ដាំ ពូជ​ជីរ​នោះ​គេ​អាច​ដាំ​ដោយ​ព្រោះ​គ្រាប់ មិន​ដាំ​ដោយ​ដោត​ទង ឬ​ដក​យក​កូន​យក​ទៅ​ដាំ ដូច​ជី​នាងវង ឬ​បន្លែ​ដទៃ​ទៀត​នោះ​ទេ។ ដំបូង​ខ្ញុំ​បោច​ស្មៅ កាប់​ដី​ហាល​វា ដំ​វា​ឲ្យ​តូច ហាល​ដី ៣ ទៅ ៤​ថ្ងៃ​ចាំ​យក​គ្រាប់​ជីរ​វ៉ាន់ស៊ុយ មក​កិន​បំបែក ព្រោះ​ជីរ​វ៉ាន់ស៊ុយ បើ​មិន​កិន​មិន​ដុះ​ទេ រួច​យក​គ្រាប់​ដែល​កិន​រួច​មក​ព្រោះ ក្រោយ​មក​យក​ចំបើង​មក​គ្រប​ពី​លើ ហើយ​ស្រោច​ទឹក​វា​ទៅ​តែ​ថ្ងៃ ១៥​ថ្ងៃ បាន​វា​ដុះ​កូន។
* ការថែទាំ៖
- គន្លឹះ​សំខាន់​ឲ្យ​ជីរ​វ៉ាន់ស៊ុយ ដែល​ដាំ មាន​ដើម​ល្អ លូតលាស់​ល្អ​ចំពោះ​ជីរ​វ៉ាន់ស៊ុយ ដាច់ខាត​ត្រូវ​ដាំ​នៅ​ពេល​ល្ងាច ហាម​ដាំ​នៅ​ពេល​ថ្ងៃ​ក្ដៅ ព្រោះ​ជីរ​ជា​អាហារ​ស្លឹក វា​ឆាប់​ស្រពោន។
- បើ​ដាំ​នៅ​ពេល​ល្ងាច​ទើប​ល្អ ព្រោះ​ក្រោយ​ពី​ដាំ វា​ត្រូវ​ទឹក​សន្សើម​នៅ​ពេល​យប់​រយៈពេល​យូរ គឺ​ដើម​វា​នៅ​តែ​ស្រស់​មិន​ស្រពោន។
- ជីរ​វ៉ាន់ស៊ុយ មិន​សូវ​ល្អ​នៅ​ពេល​អ្នក​ដាំ​ប្រើ​ជី​គីមី​លើ​វា។
- ជីរ​វ៉ាន់ស៊ុយ​ភាគ​ច្រើន​វា​ដុះ​ល្អ​នៅ​ពេល​អ្នក​ដាំ​ប្រើ​ដី​ដំបូក និង​មេ​ជីរ​ប៉ុស្តិ៍​ទឹក​ផ្សំ​ពី​ធម្មជាតិ ដែល​ផ្សំ​ចេញ​ពី​ស្លឹក​ឈើ​រលួយ។
- ជីរ​វ៉ាន់ស៊ុយ​ត្រូវ​ការ​ស្រោច​ទឹក ១​ថ្ងៃ ២​ដង គឺ​ព្រឹក​ល្ងាច បោច​ស្មៅ ជ្រួយ​ដី​ឲ្យ​ធូរ ដើម្បី​ឲ្យ​ទឹក​ងាយ​ជ្រាបចូល​ក្នុង​ដី រក្សា​សំណើម​បាន​យូរ ធ្វើ​ឲ្យ​ឫស​ជី​វ៉ាន់ស៊ុយ អាច​ស្រូប​យក​ជីជាតិ​ស្រួល​ទាំង​ដើម និង​ស្លឹក​ជីរ​វ៉ាន់ស៊ុយ។
- ក្រោយ​ពី​ដាំ​វា​បាន ៩០​ថ្ងៃ វា​អាច​កាត់​បាន​លក់​នៅ​លើ​ទីផ្សារ​ហើយ។
ជីរ​វ៉ាន់ស៊ុយ គឺ​ជា​គ្រឿង​ទេស​ដ៏​សំខាន់​មួយ​ប្រភេទ មិន​ត្រឹមតែ​ប្រើ​ដើម្បី​បន្ថែម​សម្រស់ និង​ក្លិន​ក្នុង​អាហារ​ប៉ុណ្ណោះ​ទេ។ ជីរ​វ៉ាន់ស៊ុយ គេ​ក៏​អាច​បរិភោគ​ដើម​ស្រស់ និង​ស្លឹក​ស្រស់ ដើម្បី​នាំ​មក​នូវ​ជីវជាតិ​ផ្សេងៗ ដូចជា វីតាមីន កាល់ស្យូម ប្រូតេអ៊ីន ជាតិ​ផេះ សារធាតុ​រ៉ែ ជាតិ​សរសៃ ប៉ូតាស្យូម ជាតិ​ដែក រួម​នឹង​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ជាច្រើន​ទៀត ដែល​អាច​ឲ្យ​មនុស្ស​មាន​សុខភាព​មាំមួន។

ដកស្រង់ពី វិទ្យុអាស៊ីសេរី

No comments:

Post a Comment