កុលាប
គឺជារុក្ខជាតិមួយប្រភេទដែលប្រជាជនទូទៅទទួលស្គាល់ថា
មានប្រយោជន៍ច្រើនសម្រាប់បំពេញសេចក្តីត្រូវការប្រចាំថ្ងៃ។
គេសង្កេតឃើញថា ប្រជាជនទូទៅ
ច្រើននិយមយកផ្កាកុលាបដើម្បីតាំងលំអក្នុងគេហដ្ឋាន ទីកន្លែងសំខាន់ៗ
ពិសេសក្នុងកម្មវិធីធំៗ ដើម្បីជួយបង្កើនសម្រស់សោភ័ណភាពគួរជាទីគយគន់
និងទាក់ទាញអារម្មណ៍។
តើវិធីដាំផ្កាកុលាបក្នុងជាលឫស្សី លំបាក
ឬងាយស្រួលយ៉ាងណាខ្លះ?
អ្នកបច្ចេកទេសខាងថែទាំផ្កាកុលាបម្នាក់លើកឡើងថា ផ្កាកុលាប
គឺជារុក្ខជាតិដ៏សំខាន់មួយប្រភេទ មិនត្រឹមតែប្រើដើម្បីតាំងលំអបន្ថែមសម្រស់
បង្កើនសោភណភាពប៉ុណ្ណោះទេ។ ទន្ទឹមគ្នានេះ អ្នកដាំផ្កាកុលាប
ក៏ទទួលស្គាល់ថា ផ្កាកុលាបមានគុណតម្លៃច្រើន
ជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
ដោយសម្លឹងឃើញពីអត្ថប្រយោជន៍ និងនៅប្រទេសកម្ពុជា មានតម្រូវការផ្កាកុលាបច្រើន
តែមិនសូវមានអ្នកដាំនោះ
ទើបជំរុញឲ្យពលរដ្ឋមួយចំនួនងាកមកចាប់អាជីពជាអ្នកដាំផ្កាកុលាប។
តួយ៉ាងកសិដ្ឋានដាំផ្កាកុលាបមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ
បានបង្កើនការដាំផ្កាកុលាបចម្រុះពណ៌រាប់ម៉ឺនជាល ដើម្បីឆ្លើយតបតម្រូវការទីផ្សារបច្ចុប្បន្ន។
ទាក់ទិននឹងបច្ចេកទេសដាំដុះដើមផ្កាកុលាបក្នុងជាលឫស្សីនេះដែរ
អ្នកដាំដែលពិសោធបានជោគជ័យក្នុងការដាំផ្កាកុលាបក្នុងកសិដ្ឋានផ្កាចម្រុះឈ្មោះ
តួរ ដែលមានទីតាំងស្ថិតនៅភូមិបឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
រាជធានីភ្នំពេញ លោក ឡុង ទីន។ លោកអះអាងប្រាប់វិទ្យុអាស៊ីសេរី ថា
មានវិធីច្រើនយ៉ាងដែលគេអាចដាំដើមផ្កាកុលាបនេះបាន ដូចជា
ដាំលើដីផ្ទាល់ ដាំក្នុងកេសស្នោ ដាំក្នុងឧបករណ៍ជ័រ ពិសេសដាំក្នុងផើង។
អ្នកថែទាំផ្កាកុលាបដែលមានមាឌតូចល្អិតសម្បុរខ្មៅម្នាក់នេះ
ឲ្យដឹងថា មូលហេតុដែលកសិដ្ឋាននេះដាំផ្កាកុលាបដាក់ក្នុងផើង
ដោយសារការដាំក្នុងផើងអាចទទួលបានផលល្អជាងដាំលើដី ឬវិធីផ្សេងទៀត
បើទោះជាអាកាសធាតុក្តៅខ្លាំង ឬត្រជាក់ខ្លាំងក៏ដោយ។ លើសពីនេះ ដើម្បីងាយស្រួលលក់ដុំ
ឬលក់រាយទៅឲ្យអតិថិជនដែលមានតម្រូវការ។ លោកបន្តទៀតថា
ដើម្បីដាំផ្កាកុលាបក្នុងជាលឫស្សីបាន ចាំបាច់ត្រូវមានជាលឫស្សីតូចល្មម
និងស្បោងប្លាស្ទិក។ លោកថា ដោយសារជាលឫស្សីប្រហោង
ទើបត្រូវដាក់ស្បោងប្លាស្ទិកដើម្បីទ្រាប់កុំឲ្យជ្រុះដីនៅពេលស្រោចទឹកផ្កា។
នៅពេលមានឧបករណ៍ទាំងពីរនេះរួចហើយ លោកថា
មុនដាំត្រូវលាយដីជាមួយជីកំប៉ុសដែលមានវត្ថុធាតុដើមផ្សំចេញពីជីអង្កាម
ស្លឹកឈើ និងស្មៅដែលងាយរលួយ។ លោកបន្តថា
បន្ទាប់មកយកដើមផ្កាកុលាបដែលបានផ្សាំអាយុ ១ខែ
យកទៅដាំក្នុងជាលឫស្សីដែលបានរៀបចំដីរួចនោះ៖ «ដាំចូលជាលចឹងទៅ ដាំបានរយៈពេលមួយអាទិត្យ
យើងចាប់ផ្ដើមស្រោចទឹក ស្រោចជី បាញ់ថ្នាំអី ដើម្បីឲ្យចេញត្រួយល្អ»។
លោកបានឲ្យដឹងទៀតថា ពេលដាក់ដាំក្នុងជាលឫស្សី
ត្រូវជីករណ្តៅជម្រៅ ៥សង់ទីម៉ែត្រ
ហើយគម្លាតរវាងរណ្ដៅមួយទៅរណ្ដៅមួយប្រវែងកន្លះម៉ែត្រ។ ជាងនេះទៀត លោកថា
ក្នុងមួយជាលឫស្សី ដាំបានតែមែកផ្កាកុលាបដែលបានផ្សាំមួយដើមប៉ុណ្ណោះ
ដើម្បីឲ្យដើមផ្កាកុលាបងាយស្រួលលូតលាស់បានល្អ និងងាយស្រួល៖ «យើងដាំវាតែមួយមែក ដល់ពេលយើងកាត់ចឹង
វាបែកមែករហូតដល់ពេញថង់ ដើមវាចាប់ផ្តើមថ្លោសវា»។
ក្រោយពីរៀបចំដីរួច លោកថា ចាំបាច់ជ្រើសរើសមែក
ឬដើមផ្កាកុលាបណាដែលថ្លោសល្អ មិនយកមែកដែលខ្ចីពេក ឬចាស់ពេក
មកដាំលើដីដែលបានរៀបចំនោះ។ ប៉ុន្តែមកដល់ត្រង់ចំណុចនេះ លោក ឡុង ទីន
បញ្ជាក់ឲ្យដឹងពីរបៀបផ្សាំមែកផ្កាកុលាប ដើម្បីយកទៅដាំដែរថា៖ «យើងមានថង់ប៊ីចេង រួចហើយយើងឫសកំប្លោកយើងបក
រួចហើយយើងបកសម្បកវាចេញ ហើយយើងកោសវាយកឫសកំប្លោកមករុំគ្នា
បន្ទាប់ហើយត្រាំថង់ពីលើជាមួយមែកផ្កាកុលាប ហើយយើងឧស្សាហ៍បាញ់ទឹកវា
វាដុះឫសហើយ»។
ការថែទាំក្រោយដាំផ្កាកុលាប
ដោយឡែកការថែទាំវិញ ម្ចាស់កសិដ្ឋានរូបនេះអះអាងថា
ផ្កាកុលាបទោះជាដាំក្នុងជាលក្តី ឬលើដីក្តី
គឺត្រូវទាមទារស្រោចទឹកវាមួយថ្ងៃពីរដង គឺព្រឹកល្ងាច បោចស្មៅ ដាក់ជី
ជ្រួយដីឲ្យធូរ ដើម្បីឲ្យទឹកងាយជ្រាបចូលក្នុងដី រក្សាសំណើមបានយូរ
ធ្វើឲ្យឫសផ្កាកុលាបអាចស្រូបយកជីជាតិស្រួល ទាំងដើម និងស្លឹក
ឲ្យឆាប់ចេញផ្កា៖ «ថែទាំវាមានតែបាញ់ថ្នាំដាក់ជី ស្រោចទឹកមួយថ្ងៃពីរដង
យើងកំណត់ថ្ងៃវាមួយអាទិត្យ យើងបាញ់ជីម្តង យើងបាញ់ថ្នាំម្តង
ហើយបើស្លឹកផ្កាវាអត់ល្អ យើងបេះវាចេញ»។
ចំណែកការប្រមូលផលវិញ លោក ឡុង ទីន ឲ្យដឹងដែរថា
ផ្កាកុលាបមានអាយុបាន ៣ខែ ចាប់ផ្ដើមចេញផ្កា និងអាចលក់បានបណ្ដើរៗហើយ៖«យើងថែវាដល់អាយុបានបីខែ ផ្កាវាចេញមកយើងអាចលក់បាន»។
បច្ចុប្បន្ន
ដើមផ្កាកុលាបកំពុងពេញនិយមក្នុងការជួញដូរដ៏សកម្មក្នុងទីផ្សារនៅកម្ពុជា
ព្រោះផ្កាកុលាបជារុក្ខជាតិសម្រាប់ផលិតជាគ្រឿងសំអាង
ព្យាបាលជំងឺផ្សេងៗផង និងជារុក្ខជាតិតាំងលំអដ៏មានភាពទាក់ទាញផង។
អ្នកបច្ចេកទេសថែទាំផ្កាកុលាប លោក ឡុង ទីន អះអាងដែរថា
សម្រាប់កសិដ្ឋានលោកដែលមានដើមផ្កាកុលាបជាង ១ម៉ឺនជាល
សព្វថ្ងៃបានផ្គត់ផ្គង់ទៅឲ្យទីផ្សារនៅរាជធានីភ្នំពេញ ទាំងលក់ដុំ
និងលក់រាយមានតម្លៃក្នុងមួយជាលឫស្សី ចាប់ពីជាង ៣ពាន់រៀលទៅជាង
១ម៉ឺនរៀល អាស្រ័យលើដើមផ្កាដើមតូច ឬផ្កាដើមធំ៖ «នៅកសិដ្ឋានមានកុលាបច្រើនណាស់ មានពណ៌លឿង
ផ្កាឈូក ក្រហម ផ្កាកុលាបនាំសំណាង ពណ៌ចម្រុះ លក់បានចាប់បី
៣.៥០០រៀលក្នុង១ជាល ទៅ ១៥.០០០រៀល។ គេនិយមច្រើន»។
ឯកសារកសិកម្មរបស់អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា
ស្ដីពីសារប្រយោជន៍របស់ផ្កាកុលាប បង្ហាញថា
ផ្កាកុលាបមានគុណប្រយោជន៍ទាំងក្នុងជីវភាពរស់នៅ ដើម្បីបង្កើនសោភណភាព
ពិសេសប្រើប្រាស់ជាវត្ថុអនុស្សាវរីយ៍ក្នុងកម្មវិធីសំខាន់ៗ
និងដើម្បីបញ្ជាក់ក្តីស្រឡាញ់ឲ្យគ្នាទៅវិញមក។ លើសពីនេះទៅទៀត ថ្មីៗនេះ
ផ្កាកុលាបត្រូវបានគេយកទៅកែច្នៃឲ្យទៅជាគ្រឿងសំអាង
ដែលមានតម្លៃរហូតដល់ទៅរាប់រយដុល្លារ។ ក្រៅពីនេះ ផ្កាកុលាប ដើម
និងស្លឹករបស់វា គេក៏អាចកែច្នៃទៅជា តែ និងឱសថ
ដើម្បីជួយសម្រួលដល់សុខភាព ជាដើម។
មកដល់ត្រង់ចំណុចនេះ កសិករដែលមានមាឌស្គម សម្បុរខ្មៅរូបនេះ
បែរជានិយាយទាំងប្រែទឹកមុខក្រៀមក្រំវិញថា ទោះបីផ្កាកុលាបងាយស្រួលដាំ
និងមានតម្លៃខ្ពស់ មិនប្រកួតប្រជែង
ប៉ុន្តែផ្កាកុលាបសម្បូរសត្វចង្រៃបំផ្លាញផងដែរ។ លោកថា
ហេតុនេះលោកត្រូវបង្ខំចិត្តប្រើជី និងថ្នាំគីមី
ដើម្បីកម្ចាត់បញ្ហាសត្វចង្រៃលើផ្កាកុលាបដែលលោកដាំ។
កសិកររូបនេះអះអាងថា ផ្កាកុលាបដែលដាំបច្ចុប្បន្ននេះ
ប្រើប្រាស់ជី និងថ្នាំគីមីខ្លាំង ហើយជី និងថ្នាំគីមីទាំងនោះ
គឺនាំចូលទាំងស្រុងពីប្រទេសវៀតណាម។ លោកថា រហូតមកដល់ពេលនេះ
មិនទាន់មានអ្នកបច្ចេកទេសណារកឃើញវិធីធម្មជាតិ
ដើម្បីដាំផ្កាកុលាបនៅកម្ពុជា នៅឡើយនោះទេ៖«ជីហ្នឹងគ្រាប់វាពណ៌ខៀវ
វាមានថ្នាំសម្លាប់ដង្កូវ ជំនួយស្លឹកជាដើម បើអត់ប្រើវា វាអត់ល្អ»។
មូលហេតុទាំងនេះហើយ លោក ឡុង ទីន ចង់ឃើញរដ្ឋាភិបាល
និងស្ថាប័នពាក់ព័ន្ធ លើកទឹកចិត្តកសិករដែលប្រកបរបរដាំផ្កាកុលាប
ធ្វើយ៉ាងណារិះរកវិធីសាស្ត្រ និងផ្តល់បច្ចេកទេសថ្មីៗ
ដើម្បីបញ្ចៀសបញ្ហាផ្សេងៗក្នុងអាជីពដាំផ្កាឲ្យបានជោគជ័យ។ លោកថា
បើរដ្ឋាភិបាលធ្វើបែបនេះបាន អ្នកដាំផ្កាកុលាបនៅកម្ពុជា
នឹងបង្កើនការដាំដុះកាន់តែច្រើន ពិសេសផ្កាកុលាបនៅកម្ពុជា
មិនត្រឹមតែជួយបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ផ្កាកុលាប
ក៏អាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕
ប្រភពៈ វិទ្យុអាស៊ីសេរី
No comments:
Post a Comment