វិធីផលិតចំណីធម្មជាតិដើម្បីចិញ្ចឹមមាន់យកស៊ុត

វិធី​ផលិត​ចំណី​ធម្មជាតិ​សម្រាប់​សត្វ​មាន់ គឺ​ងាយ​ផលិត និង​សុទ្ធតែ​ជា​វត្ថុ​ធាតុ​ដើម​ងាយ​ប្រមូល ហើយ​មិន​ប៉ះពាល់​សុខភាព។
ក្នុង​ការ​ចិញ្ចឹម​មាន់ ទាមទារ​ឲ្យ​អ្នក​ចិញ្ចឹម​ចេះ​ជ្រើស​រើស​ពូជ ទីតាំង​ចិញ្ចឹម ការ​រៀបចំ​ទ្រុង ការ​ថែទាំ និង​សម្អាត​អនាម័យ​ជា​ប្រចាំ ការ​រៀបចំ​សម្បុក ពិសេស​ការ​ជ្រើស​រើស​ចំណី​ប្រកប​ដោយ​គុណភាព។
*​វត្ថុ​ធាតុ​ដើម​ដែល​ជា​ក្រុម​អាហារ​សម្បូរ​ជាតិ​វីតាមីន (ប្រភេទ​អាហារ​ការពារ)៖ ដូចជា ស្លឹក​ម្រុំ ត្រកួន អង្គាដី កន្ធំថេត ប្រទាល​ត្រចៀក​ជ្រូក ប្រទាល​កន្ទុយ​ក្រពើ ស្លឹក​ស្ដៅ ស្លឹក​ខ្ទឹម ស្លឹក​គ្រៃ ចុង​អង្ករ កន្ទក់ និង​សម្បក​បង្គា ដើម្បី​ផលិត​ចំណី​មាន់​ប្រកប​ដោយ​សារធាតុ​ចិញ្ចឹម​ដល់​សត្វ​មាន់​ឲ្យ​ឆាប់​លូតលាស់ និង​ទទួល​បាន​ទិន្នផល​ស៊ុត​គុណភាព​ខ្ពស់។
*វិធីធ្វើ៖ ដំបូង​ត្រូវ​យក​វត្ថុ​ធាតុ​ដើម​ពី​ប្រភេទ​បន្លែ​បៃតង (ដែល​ក្នុង​នោះ​រួម​មាន ត្រកួន ស្លឹក​អង្គាដី ប្រទាល​ត្រចៀក​ជ្រូក ប្រទាល​កន្ទុយ​ក្រពើ ស្លឹក​ស្ដៅ និង​ស្លឹក​ខ្ទឹម) ដោយ​គិត​ជា​បរិមាណ​ប្រហែល ២០% ហើយ​ប្រភេទ​បន្លែ​ស្លឹក​ដែល​មាន​ជាតិ​ម្សៅ​ជួយ​រំលាយ​អាហារ​ចំនួន ១០% (ដែល​មាន​ស្លឹក​ម្រុំ និង​ស្លឹក​កន្ធំថេត) បន្ទាប់​មក​យក​វត្ថុ​ធាតុ​ដើម​ទាំងអស់​នេះ មក​ចិញ្ច្រាំ​ឲ្យ​ល្អិត រួច​យក​ទៅ​លាយ​ច្របល់​ចូល​គ្នា​ជាមួយ​ចុង​អង្ករ កន្ទក់ ដោយ​គិត​ជា​បរិមាណ ៤០% និង​សម្បក​បង្គា​ចំនួន ២០% និង​បន្ថែម​អំបិល ១​ខាំ ដើម្បី​បន្ថែម​រសជាតិ​លើ​ចំណី​នេះ​ជា​ការ​ស្រេច។
សម្រាប់​មាន់​ចិញ្ចឹម​យក​ស៊ុត ទាមទារ​មើល​ថែ​ឲ្យ​បាន​ដិតដល់ និង​ទាមទារ​ត្រូវ​ផ្តល់​ចំណី ១​ថ្ងៃ ៣​ដង គឺ​ពេល​ព្រឹក​ចន្លោះ​ពី​ម៉ោង ៧ ទៅ ៨​កន្លះ ពេល​ថ្ងៃ​ចន្លោះ​ពី​ម៉ោង ១២ ទៅ​ម៉ោង ១​ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច​ចន្លោះ​ពី​ម៉ោង ៣ ទៅ​ម៉ោង ៤ ប៉ុន្តែ​លោក​ថា មុន​ឲ្យ​ចំណី​មាន់ ត្រូវ​ធានា​ថា ស្នូក​ចំណី​ត្រូវ​តែ​ស្អាត និង​ស្ងួត​ជា​ប្រចាំ។

No comments:

Post a Comment